ខេត្តសៀមរាប៖ នៅព្រលប់ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០២៤ នេះ សមត្ថកិច្ចថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និង រថយន្ត នៅមុខផ្លូវចូល អង្គរ ហ្គោល វីសិត ភាគីម៉ូតូស្លាប់ម្នាក់ជាអ្នកខុស ហើយភាគីរថយន្តត្រូវបានអនុញ្ញាត ឱ្យធានានៅក្រៅឃុំ ក្រោយទទួលបានការអនុញ្ញាតពីព្រះរាជអាជ្ញា បន្ទាប់ពីរំលត់បណ្ដឹងរដ្ឋប្បវេណី និងមានការអនុញ្ញាតពី ឯកឧត្តមព្រះរាជអាជ្ញា។ សមត្ថកិច្ចជំនាញបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ វេលា ម៉ោង ១២ និង ០០នាទី លើផ្លូវសម្តេចហ៊ុន សែន សន្តិភាព ត្រង់ចំណុចមុខផ្លូវចូលអង្គរ ហ្គោល វីសិត ស្ថិតនៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុង សៀមរាប ខេត្តសៀមរាប រវាងម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ ផ្លាកលេខសៀមរាប1AF-9613 បើកបរដោយឈ្មោះ ពៅឧត្តម ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប និងមានអ្នករួមដំណើរ ០១ នាក់ ឈ្មោះ ហ៊ូ ហើរ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប បើកបរមានទិស ដៅពីកើត ទៅលិច ក្នុងល្បឿនលឿន បុករថយន្តមួយគ្រឿងម៉ាក TOYOTA TIGER ពណ៌ទឹកប៊ិច ពាក់ផ្លាកលេខសៀមរាប2A-3747 បើកបរដោយឈ្មោះ អាន ឈឿត ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិ ទឹកថ្លា សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប បើកបរមានទិសដៅពីកើតទៅលិច ហើយបត់ឆ្វេង ទៅត្បូង។
សមត្ថកិច្ចដដែលបន្តថា ករណីនេះបានបណ្តាលឱ្យ ស្លាប់មនុស្ស ០១នាក់ ឈ្មោះហ៊ូ ហើរ អ្នករួមដំណើរ (មិនមានពាក់មួកសុវត្ថិភាព) របួសមនុស្សធ្ងន់ ០១នាក់ ឈ្មោះពៅ ឧត្តម អ្នកបើកបរម៉ូតូ (មិនមានពាក់មួកសុវត្ថិភាព) ខូចខាតម៉ូតូធ្ងន់ ០១គ្រឿង និងរថយន្តស្រាល ០១គ្រឿង។
សមត្ថកិច្ចដដែលបានបញ្ជាក់ថា យោងតាមការត្រួតពិនិត្យ វាស់វែងកន្លែងកើតហេតុ យោងតាមការត្រួតពិនិត្យ លើវត្ថុតាងប៉ះទង្គិច យោងតាមកំណត់ហេតុស្តាប់ចម្លើយឈ្មោះ អាន ឈៀត យោងតាមកំណត់ហេតុស្តាប់ចម្លើយឈ្មោះ ពៅ ស្រីម៉ុន និងយោងតាមកំណត់ហេតុស្តាប់ចម្លើយឈ្មោះ ហ៊ូ សុគន្ធា សមត្ថកិច្ចជំនាញអាចសន្និដ្ឋានបានថា អ្នកបើកបរម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាក លេខសៀមរាប 1AF.9613 មានកំហុសដូចជាៈ បើកបរក្នុងល្បឿនលឿន ខុសក្នុងមាត្រា១៧ជំពូកទី៣ នៃច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយត្ន័ ឬមិនគោរព កាតព្វកិច្ចដែលបទប្បញ្ញាតិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលអោយស្លាប់ ដល់អ្នកដ៏ទៃ ខុសក្នុងមាត្រា៨៥ ជំពូកទី១០ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវ គោក ។
លោកឧត្ដមសេនីយ៍ត្រី តាន់ សំបូរ ស្នងការរងជំនួយការងារដឹកនាំការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានបញ្ចាក់ថា រឿងនេះភាគីទាំងសងខាងបានយល់ព្រមបញ្ចាប់រឿង ឬរំលត់បណ្ដឹងរដ្ឋប្បវេណី ហើយសមត្ថកិច្ចក៍អនុញ្ញាតឱ្យភាគីម៉ូតូអាចយកម៉ូតូចេញទៅជួសជុលប្រើប្រាស់បាន ចំណែកឯរថយន្តនៅរក្សាទុកដើម្បីកសាងសំនុំរឿង បញ្ជូនទៅតុលាការ ហើយអ្នកបើកបររថយន្តក៍ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ បន្ទាប់ពីមានការអនុញ្ញាតពី ឯកឧត្តមព្រះរាជអាជ្ញាឱ្យមានការធានាខ្លួន៕KD