ខេត្តសៀមរាប៖ អ្នកទេសចរបានសម្ដែងការសប្បាយរីករាយក្នុងការដើរកំសាន្ដនៅរមណីយដ្ឋានអង្គរ នាពិធីបុណ្យភ្ជុំឆ្នាំ២០២២ បន្ទាប់ពីខកខានចំនួនពីរឆ្នាំកន្លងមក ដោយសារការរីករាលដាល់នៃជំងឺកូវីដ-១៩។ ដំណើរកំសាន្ដ បានសប្បាយនាឆ្នាំនេះ បង្ហាញថា រាជរដ្ឋាភិបាលបានយកចិត្ដទុកដាក់ខ្ពស់ចំពោះផ្លូវថ្នល់ ព្រោះពីមួយឆ្នាំទៅមួយឆ្នាំ ពួកគេងាយស្រួលធ្វើដំណើរទេសចរណ៍។
អ្នកទេសចរបានលើកឡើងដូចគ្នាថា ពួកគាត់ដើរកំសាន្ដជាច្រើនកន្លែង ជាពិសេសនៅប្រាសាទអង្គរ មានការជួយសម្រួលសណ្ដាប់ធ្នាប់ល្អ ពីមន្ដ្រីសណ្តាប់ធ្នាប់អាជ្ញាធរជាតិអប្សរា ខណ:ដែលអ្នកដំណើរកំសាន្ដនៅប្រាសាទអង្គរវត្ដ នាឆ្នាំនេះកើនឡើងគួរឱ្យកត់សំគាល់ ។ ពួកគាត់បន្ដថា ការកំសាន្ដនៅខេត្ដសៀមរាប មានកន្លែងទស្សនាច្រើន ដែលរំពឹងថា ប្រជាពលរដ្ឋនៅមូលដ្ឋាន ទទួលបានចំណូលច្រើនពីវិស័យទេសចរណ៍នេះ។ អ្នកទេសចរ ធ្វើដំណើរទៅទស្សនាច្រើន និងសប្បាយរីករាយ ដោយសារប្រទេសជាតិមានសន្ដិភាព និងមានការអភិវឌ្ឍផ្នែកជីវភាព ទើបធ្វើឱ្យមានកំណើននូវវិស័យទេសចរណ៍នេះ។
យោងតាមរបាយការណ៍របស់នាយកដ្ឋាន ទេសចរណ៍ វប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានបង្ហាញថា អ្នកទេសចរជាតិ និងអន្ដរជាតិ មកទស្សនារមណីយដ្ឋានអង្គរ និងរមណីយដ្ឋាននានាក្នុងខេត្ត មានចំនួនប្រមាណ ៧៤,៦៨០នាក់ នាពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ ក្នុងរយ:ពេល ២ថ្ងៃនេះ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២នេះ។
របាយការណ៍បន្ថែមថា មានអ្នកទេសចរជាតិចំនួន ៧១,៩៩៣នាក់ អ្នកអន្ដរជាតិទិញសំបុត្រចូលទស្សនាអង្គរ មានចំនួន ២,៦៨៧នាក់។ លំហូរទេសចរណ៍ចូលទស្សនាប្រាសាទអង្គរនេះ បានបង្ហាញថា វិស័យទេសចរណ៍ ចាប់ផ្តើមងើបឡើងវិញ បន្ទាប់ពីអាក់ខានពីរឆ្នាំកន្លងមក ដោយសារជំងឺកូវីដ-១៩៕