Sunday, November 24, 2024

កិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ាក្នុងការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យានៅប្រាសាទបន្ទាយក្ដី

ខេត្តសៀមរាប៖ នៅដើមខែសីហា ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា បានធ្វើកំណាយស្រាវជ្រាវទួលបុរាណនៅភាគអាគ្នេយ៍ក្នុងកំពែងនៃប្រាសាទបន្ទាយក្ដី ដើម្បីឈ្វេងយល់អំពីទំនាក់ទំនងរវាងកំពែង និងទួល ព្រមទាំងរចនាសម្ពន្ធរបស់ទួល។ លើសពីនេះទៀត គឺចង់ដឹងអំពីការរស់នៅរបស់មនុស្សនាសម័យនោះ ពោល គឺចាប់ពីពេលមុនសាងសង់ប្រាសាទរហូតដល់សម័យកណ្ដាល។លោក ញឹម សុធាវិន្ទ អ្នកស្រាវជ្រាវ និងជាសាស្រ្តាចារ្យ នៃសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន បានលើកឡើងថា ការជ្រើសរើសយកទីតាំងនៅអាគ្នេយ៍នៃប្រាសាទបន្ទាយក្តី សម្រាប់កិច្ចការស្រាវជ្រាវ ដោយហេតុថា នៅទីតាំងនេះ មើលតាមរូបថត lidar ឃើញមានទួលជាច្រើន ដូចជា នៅប្រាសាទអង្គរវត្ត និងប្រាសាទតាព្រហ្មជាដើម។ ដូច្នេះហើយ នៅក្នុងកំណាយស្រាវជ្រាវ ពោល គឺសិក្សាអំពីលំនៅឋាន និងការតាំងទីរស់នៅរបស់មនុស្សនាសម័យមុន។ ម្យ៉ាងទៀត កិច្ចការសំខាន់ គឺការបណ្តុះបណ្តាលធនធានមនុស្ស ដែលសាកលវិទ្យាល័យសូហ្វីយ៉ា បានអនុវត្តតាំងពីឆ្នាំ១៩៩១មកម៉្លេះ។ ឆ្នាំនេះ សាកលវិទ្យាល័យសូហ្វ៊ីយ៉ាបានជ្រើសរើសនិស្សិតមកពីមហាវិទ្យាល័យបុរាណវិទ្យានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឆ្នាំទី២ និងទី៣ ចំនួន៣នាក់ ដើម្បីមកចូលរួមសិក្សាអំពីការធ្វើកំណាយបែបបុរាណវិទ្យា។

ចំណែកបុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា លោក វិទូ ភារម្យ បានឱ្យដឹងថា កំណាយនេះ បានបើកចំនួនបីរណ្តៅ ក្នុងជម្រៅ២ម៉ែត្រគុណ២ម៉ែត្រ មាន២រណ្តៅ និង២ម៉ែត្រគុណ១.៥០ម៉ែត្រ ១រណ្តៅ ដោយរណ្តៅនីមួយៗ បែងចែកជា៤ស្រទាប់សំខាន់ៗ។ តាមការសន្និដ្ឋានរបស់លោក ការសាងសង់ទួលនៅក្នុងកំពែង មាន៣ដំណាក់កាលធំៗ គឺដំណាក់ទី១ អាចមានពលករមករៀបចំស្នាក់នៅ ដើម្បីត្រៀមរៀបចំការសាងសង់ប្រាសាទនៅលើទួលដែលមានស្រាប់។ ដំណាក់កាលទី២ ពេលកំពុងសាងសង់ប្រាសាទ គឺមនុស្សបន្តរៀបចំទួលនេះ ដោយចាក់ដីបន្ថែម និងយកកម្ទេច និងបំណែកថ្មភក់ រៀបចំជាគ្រឹះនៅជាប់ជើងទួល។ ដំណាក់កាលទី៣ ក្រោយពេលសាងសង់ប្រាសាទរួចរាល់ អាចមានមនុស្សមករស់នៅថែរក្សាប្រាសាទ មានព្រាហ្មណ៍ មានខ្ញុំប្រាសាទជាដើម បន្តរស់នៅគឺនៅស្រទាប់ទី៣នេះ។

ក្រៅពីនេះ នៅស្រទាប់ទី៣ ក៏បានរកឃើញបំណែកកុលាលភាជន៍ខ្មែរ និងចិននៅចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣មួយចំនួន។ ជាជំហានដំបូង ទិន្នន័យនៃការធ្វើកំណាយនេះ បានធ្វើឱ្យអ្នកស្រាវជ្រាវយល់ដឹង អំពីសកម្មភាពរបស់មនុស្ស ក្រៅពីប្រាសាទ អ្នកដែលចូលរួម អ្នករស់នៅក្បែរកំពែងនៅក្នុងប្រាសាទ ជាផ្នែកមួយរបស់ប្រាសាទ តាមរយៈទួលមួយនេះ យើងឃើញមានសកម្មភាពដែលមនុស្សមករស់នៅ អាចយកជាភស្តុតាងបំពេញបន្ថែមទៅលើឯកសារសរសេរជាសិលាចារឹក ចម្លាក់ ដែលឃើញមាននៅតាមប្រាសាទ ពោលគឺនៅកន្លែងនេះ តឹកតាងបុរាណវិទ្យា អាចឱ្យយើងដឹងអំពីសកម្មភាពរបស់មនុស្ស និងទំនាក់ទំនងជាមួយប្រាសាទ៕KD

អត្ថបទ៖ ឆាយ ផាន់នី

រូបភាព៖ យី សុថា /ញឹម សុធាវិន្ទ

ព័ត៌មានពេញនិយម