ខេត្តសៀមរាប ៖ឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានផ្តល់អនុសាសន៍មួយចំនួនដល់កងកម្លាំងសម្រាប់យកទៅអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ កាលពីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២។
អនុសាសន៍ចំនួន ០៥ចំណុចរួមមាន៖
១•បន្តជម្រុញអនុវត្តតាមខ្លឹមសារសេចក្តីណែនាំ ០០២សណន របស់ក្រសួងមហាផ្ទៃ និងរបស់អគ្គស្នងការនគរបាលជាតិ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ស្តីពីវិធានការបន្ទាន់សំរាប់បង្ការ និងការទប់ស្កាត់ការរាតត្បាតជម្ងឺកូវីដ-១៩ ។
២•ជម្រុញការអនុវត្តគោលនយោបាយ ” ភូមិ- ឃុំ – សង្កាត់ ” មានសុវត្ថិភាព ឲ្យមានសកម្មភាពផុលផុស និងត្រូវយកចិត្តទុកដាក់គ្រប់គ្រងឲ្យបានម៉ត់ចត់នូវមុខសញ្ញាគ្រប់ប្រភេទនៅតាមសហគមន៍ ភូមិ-ឃុំ-សង្កាត់ ដោយប្រើប្រាស់គ្រប់វិធានការ ដេីម្បីបំបាត់ប្រសិទ្ធិភាពមុន មិនទុកឲ្យមុខសញ្ញាមានឱកាសធ្វើសកម្មភាពបង្កអសន្តិសុខ ឬគ្រោះថ្នាក់ដល់អាយុជីវិត និងអន្តរាយដល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ។
៣•បង្កើនវិធានការសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈឲ្យបានម៉ឺងម៉ាត់ តាមទីវត្តអារាម និងបណ្តាគោលដៅកំសាន្តនានា ។
៤•បង្ការ ទប់ស្កាត់ និងបង្ក្រាបឲ្យទាន់ពេលវេលា សកម្មភាពក្មេងទំនើង អំពេីហិង្សា ការលេងល្បែងស៊ីសងគ្រប់ប្រភេទ ការប្រេីប្រាស់អាវុធ គ្រឿងផ្ទុះ គ្រាប់រំសេវដែលនាំឲ្យគ្រោះថ្នាក់ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងនាំឲ្យជះឥទ្ធិពលមិនល្អដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ជាតិ ។
៥•បន្តពង្រឹងសាមគ្គីផ្ទៃក្នុង និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយ មន្ទីរ អង្គភាព ពាក់ព័ន្ធ។
អនុសាសន៍នេះបានលើកឡើងនៅ ពេលដែលលោកបានអញ្ជេីញដឹកនាំកិច្ចប្រជុំ ផែនការការពារ ធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ និងបុណ្យកឋិនទាន ដោយមានការអញ្ជេីញចូលរួមពីលោក លោកស្រីស្នងការរង នាយការិយាល័យទាំង៣៣ និងអធិការ ១២ក្រុង-ស្រុកទូទាំងខេត្តសៀមរាប។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំបានធ្វើឡើយដោយយោងតាមសេចក្តីណែនាំ របស់រដ្ឋបាលខេត្តសៀមរាប លេខ ០០៧សណន ចុះថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០២២ ស្តីពីការរៀបចំប្រារព្ធពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ និងកឋិនទាន៕KD