Thursday, November 21, 2024

អាជ្ញាធរជាតិអប្សរារៀបចំកម្រាលផ្លូវដើរ សម្រាប់ភ្ញៀវទេសចរដើរទស្សនា និងថតរូបនៅស្រះទឹកខាងមុខប្រាសាទអង្គរវត្ត

ខេត្តសៀមរាប៖ ក្រុមការងាត្រួតពិនិត្យសេវាកម្មទេសចរណ៍ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការរៀបចំធ្វើកម្រាលផ្លូវដើរ សម្រាប់ភ្ញៀវទេសចរដើរទស្សនា និងថតរូបនៅស្រះទឹកខាងមុខប្រាសាទអង្គរវត្ត។ គោលដៅចម្បង នៃការរៀបចំកម្រាលខាងលើ ដើម្បីសម្រួលដល់ទេសចរធ្វើដំណើរមកថតរូបនៅបរិវេណស្រះទឹកនៃប្រាសាទអង្គរកាន់ងាយស្រួល រក្សាបាននូវសោភណ្ឌភាព ជាពិសេសរដូវវស្សាមានភ្លៀងធ្លាក់ញឹកញាប់ ការពារកំណកដីឬភក់ប្រឡាក់ជាប់ស្បែកជើងនាំទៅដល់ស្ពានហាល និងកាត់បន្ថយភាពសឹករិចរឹលរបស់ថ្មជាដើម។ លោក នូ វុទ្ធី ក្រុមការងាត្រួតពិនិត្យសេវាកម្មទេសចរណ៍ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា នេះជាដំណាក់កាលទី៤ហើយ ដែលអាជ្ញាធរជាតិអប្សរា បានរៀបចំកម្រាលផ្លូវដើរ សម្រួលដល់ទេសចរធ្វើដំណើរចូលមកទស្សនាប្រាសាទអង្គរវត្ត។ កម្រាលផ្លូវដើរនេះ ពេលរៀបចំរួចរាល់ ធ្វើឱ្យភ្ញៀវងាយស្រួលដើរទស្សនាប្រាសាទ កាត់បន្ថយការនាំយកកំណកដីជាប់ជាមួយស្បែកជើងឡើងទៅខាងលើនៃស្ពានហាលនិងប្រាសាទ។ ម្យ៉ាងទៀត ក៏ដើម្បីគ្រប់គ្រងលំហូររបស់ភ្ញៀវទេសចរឱ្យសមរម្យ ចៀសវាងភ្ញៀវដើរនៅលើស្មៅ និងលើដី រក្សាបានរបៀបរៀបរយ និងរួមចំណែកលើកកម្ពស់សោភណ្ឌភាពប្រាសាទអង្គរវត្ត ឱ្យមានភាពបៃតងគ្រប់រដូវកាល៕KD

អត្ថបទ៖ការិយាល័យផ្សព្វផ្សាយ

រូបភាព៖លោក ហាប់ គឹមអាន

ព័ត៌មានពេញនិយម