ខេត្តសៀមរាប៖ ជនជាតិ កូរ៉េខាងត្បូងម្នាក់ ស្នាក់នៅបណ្ដោះអាសន្នផ្ទះជួលជាប្រពន្ធរបស់គាត់ ក្នុងបុរីអង្គរផាលែស បានស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ បន្ទាប់ពីក្រុមគ្រូពេទ្យឯកជន រួមពេទ្យ ព្យាយាមបញ្ជួនទៅព្យាបាលបន្តនៅភ្នំពេញ ក្រោយមកបញ្ជូនទៅតម្កល់សពទុកក្នុងមន្ទីរបង្អែកខេត្តសៀមរាប នៅព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៤នេះ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោង ១០:៣០ នាទី ថ្ងៃទី ២២ ខែ សីហា ឆ្នាំ២០២៤ នៅក្នុងផ្ទះតម្កល់សាកសព នៃ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មាន សពឈ្មោះ CHOI SEONGBAE ភេទប្រុស អាយុ ៥៩ឆ្នាំ ជនជាតិ កូរ៉េខាងត្បូង មុខរបរ បុគ្គលិកក្រុមហ៊ុនទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ M៨៣៦G៦៤២៨ បច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្នផ្ទះជួលក្នុងបុរីអង្គរផាលែស ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបសៀមរាប។
ប្រភពដដែលបានបន្តថា យោងតាមការបំភ្លឺរបស់ឈ្មោះ ភ្លាម ចាន់ថន ភេទស្រី អាយុ ៤០ ឆ្នាំ ស្នាក់នៅបច្ចុប្បន្នផ្ទះជួលក្នុងបុរីអង្គរផាលែស ត្រូវជាប្រពន្ធរបស់សពបានឲ្យដឹងថា នាងខ្ញុំបានរស់នៅជាមួយគាត់រយៈពេល ១៧ ឆ្នាំមកហើយ និងមានកូនស្រីចំនួនពីរនាក់ ក្នុងកំឡុងពេលរស់នៅខ្ញុំដឹងថាគាត់មានជំងឺប្រចាំកាយ រលាកសួត ទឹកនោមផ្អែម និងលើសសម្ពាធឈាម ព្រោះគាត់ចូលចិត្តជក់បារីនិងផឹកស្រាជាប្រចាំ។ កាលពីថ្ងៃទី ១២ ខែសីហាឆ្នាំ ២០២៤ គាត់និងកូនស្រីម្នាក់បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យគាត់មានស្នាមជាំខ្មៅត្រង់ជើងខាងស្ដាំនិងឆ្អឹងជំនីខាងក្រោមផ្នែកខាងស្ដាំ តែគាត់មិនបានមកពិនិត្យនៅពេទ្យទេ ដោយហៅគ្រូពេទ្យឯកជនទៅពិនិត្យព្យាបាលនៅផ្ទះ ជាក់ស្ដែងនៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៤ គាត់មានអាការៈហត់អស់កម្លាំងខ្លាំងនិងឈឺចាប់ត្រង់ចំណុចឆ្អឹងជំនីខាងស្ដាំ ខ្ញុំក៏បានទាក់ទងទៅសមាគមកូរ៉េប្រចាំខេត្តសៀមរាប ឱ្យជួយហៅរថយន្តសង្គ្រោះបន្ទាន់ របស់ពហុព្យាបាលរួមពេទ្យ ដើម្បីយកគាត់ទៅព្យាបាលនៅភ្នំពេញ ធ្វើដំណើរបានរយៈពេល ០២ ម៉ោងទៅដល់ចំណុចស្ថានីសាំង ptt ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ គាត់មានសភាពដង្ហក់ដង្ហើមខ្លាំងៗ ស្បែកឡើងប្រែពណ៌ស្វាយ ភ្លាមៗនោះខ្ញុំបានហៅពេទ្យដើម្បីឲ្យជួយពិនិត្យមើល រួចស្រូតបន្តដំណើរទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ពេលទៅដល់ក្រុមគ្រូពេទ្យបានពិនិត្យមើលហើយប្រាប់ថាគាត់បានស្លាប់បាត់ទៅហើយ។
ប្រភពដដែលបញ្ជាក់ថា តាមការពិនិត្យសាកសព និងតាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យ បុរសជនជាតិកូរ៉េខាងត្បូងខាងលើ ស្លាប់ដោយសារ ស្ទះសសៃឈាមបេះដូង ក្រោយគ្រោះថ្នាក់ចរាចរណ៍។
បច្ចុប្បន្នសាកសពបានប្រគល់ជូនប្រពន្ធរបស់សពតាមលិខិតបញ្ជាក់ពីកុងស៊ុលកូរ៉េប្រចាំខេត្តសៀមរាប៕KD