ខេត្តសៀមរាប៖ ជនជាតិ អាមេរិកកាំងម្នាក់ បានស្លាប់នៅសណ្ឋាគារ អង្គរ ឥណ្ឌា ( Angkor Indian Hotel ) ស្ថិតតាមបណ្តោយផ្លូវសុខសាន្ត ក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប នៅវេលាម៉ោង ៦ និង ០០នាទី ថ្ងៃទី ២២ ខែ សីហា ឆ្នាំ២០២៤ ។ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនជាតិ អាមេរិកកាំង ដែលបានស្លាប់នេះមានឈ្មោះ RICHARDS WILLIAM JAMES ភេទប្រុស អាយុ ៧៧ឆ្នាំ ជនជាតិ កាន់លិខិតឆ្លងដែនលេខ ៧២១០១០៩២៧ ស្នាក់នៅបណ្ដោះអាសន្នទីតាំងកើតហេតុខាងលើ។ប្រភពដដែលបានបន្តថា នៅកន្លែងកើតហេតុ ឈ្មោះ សិទ្ធ សើន ភេទប្រុស អាយុ ១៧ មុខរបរ បុគ្គលិកសណ្ឋាគារ ស្នាក់នៅបច្ចុប្បន្នទីតាំងកើតហេតុខាងលើ បានឲ្យដឹងថា សពខាងលើគាត់បានមកជួលបន្ទប់ស្នាក់នៅកាលពីថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៤ គាត់រស់តែម្នាក់ឯងទេ ហើយគាត់មានសភាពឈឺទ្រុឌទ្រោម និងឧស្សាហ៍ទៅពេទ្យជាញឹកញាប់ ប្រហែល១សប្តាហ៍មុនគាត់មានអាការៈ ឈឺជើងខាងស្ដាំខ្លាំងដើរមិនរួច ប្អូនប្រុសបង្កើតរបស់គាត់ទើបមកពីសហរដ្ឋអាមេរិកបាននាំគាត់ទៅសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ព្យាបាលនៅទីនោះបានរយៈពេល ៤ ថ្ងៃនឹងទៅមន្ទីរពហុព្យាបាលនាគទេព ៣ថ្ងៃ តែជំងឺរបស់គាត់ពុំបានធូរស្រាល គាត់ក៏បានមកស្នាក់នៅក្នុងបន្ទប់សណ្ឋាគារវិញ ជាក់ស្ដែងនៅថ្ងៃទី ២១ ខែសីហាឆ្នាំ ២០២៤ អាការៈរបស់គាត់បានធ្វើទុកកាន់តែខ្លាំងប្អូនប្រុសបង្កើតរបស់គាត់ចង់នាំទៅមន្ទីរពេទ្យទៀត តែគាត់ប្រកែកមិនព្រមទៅហើយក៏បានស្លាប់នៅវេលាម៉ោង ៦ និង ០០ នាទី ថ្ងៃទី ២២ ខែសីហាឆ្នាំ ២០២៤។
ដោយឡែកក៍មានការបំភ្លឺរបស់ឈ្មោះ RICHARDS MRK LEE ភេទប្រុស អាយុ ៧៤ ឆ្នាំ ជនជាតិអាមេរិកកាំង កាន់លិខិតឆ្លងដែនលេខ ៥៨០៦៣០៣១១ ស្នាក់នៅបណ្ដោះអាសន្ន ទីតាំងកើតហេតុខាងលើ ត្រូវជាប្អូនបង្កើតរបស់សពបានឱ្យដឹងថា ខ្ញុំបានមកដល់ខេត្តសៀមរាបនៅថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៤ លុះនៅថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២៤ បងប្រុសខ្ញុំមានអាការៈ ហត់អស់កម្លាំងខ្លាំង និងមានដំបៅខ្នង ខ្ញុំបាទក៏បាននាំគាត់ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដោយសម្រាកបានរយៈពេល ៤ ថ្ងៃ អាការៈគាត់ពុំបានធូរស្បើយ ខ្ញុំបាទក៏បានយកគាត់ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ នាគទេព ដោយសម្រាកបានរយៈពេល ៣ថ្ងៃ ក្រុមគ្រូពេទ្យក៏បានប្រាប់ខ្ញុំបាទថា គាត់មានជំងឺច្រើនមុខដូចជា ជំងឺបេះដូង រលាកឆ្អឹងខ្នងរ៉ាំរ៉ៃ និងជំងឺដាច់សរសៃឈាមខួរក្បាល ដែលសុទ្ធតែជាជំងឺធ្ងន់ធ្ងរ មិនអាចព្យាបាលឲ្យជាសះស្បើយបានទេ និងត្រូវការថ្លៃព្យាបាលច្រើនថែមទៀតផង លឺដូចនេះ ខ្ញុំបាទក៏សម្រេចចិត្តយកគាត់ត្រលប់មកសម្រាកនៅក្នុងបន្ទប់សណ្ឋាគារវិញ។ រហូតដល់វេលាម៉ោងប្រហែល ៦ និង ០០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៤ ពេលខ្ញុំកំពុងសម្រាកនៅបន្ទប់របស់ខ្ញុំ ក៏មានបុគ្គលិកសណ្ឋាគារម្នាក់បានមកគោះទ្វារប្រាប់ខ្ញុំថា បងប្រុសខ្ញុំបានស្លាប់ហើយ លឺដូចនោះ ខ្ញុំបាទក៏បានដើរសំដៅទៅមើលគាត់ ពេលទៅដល់បន្ទប់គាត់ ខ្ញុំបាទបានដាស់អង្រួនហៅឈ្មោះគាត់ជាច្រើនដងតែគាត់ពុំឆ្លើយតប ទើបដឹងច្បាស់ថាគាត់ស្លាប់ពិតប្រាកដមែន។
ប្រភពដដែលបានបញ្ជាក់ថា
តាមការពិនិត្យកន្លែងកើតហេតុ ពិនិត្យសាកសព និងតាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យ បុរសជនជាតិអាមេរិកាំង ខាងលើស្លាប់ដោយសារ ជំងឺរ៉ាំរ៉ៃ ក្លាយរោគ (បណ្ដាលមកពីដំបៅធ្ងន់ធ្ងរ)។
បច្ចុប្បន្នសាកសពបានប្រគល់ជូនប្អូនប្រុសបង្កើត របស់សពដើម្បីគ្រប់គ្រងនិងបន្តនីតិវិធី៕KD