ខេត្តសៀមរាប៖ នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៤នេះ ដោយមានការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ស្តីពីការការពារ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់លេីក្រុមក្មេងទំនេីង និងអនុវត្តតាមបទបញ្ជា របស់ លោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងនគរបាលក្រុងសៀមរាប ដឹកនាំបញ្ជាផ្ទាល់ដោយ លោកវរសេនីយ៍ឯក ដា ចំរើន អធិការក្រុងសៀមរាប ដោយមានកម្លាំងនគរបាលផ្នែកយុត្តិធម៌ សហការជាមួយកម្លាំងនគរបាលស្រុកជីក្រែង បានធ្វើការបង្រ្កាប និងឃាត់ខ្លួនក្មេងទំនើង ដែលជាជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធទៅនឹងករណី ហិង្សាដោយចេតនា ( វាយនឹងមួកការពារ ) នៅចំណុចលើផ្លូវ ៦០ម៉ែត្រ ក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង ២០ និង ០០នាទី ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ២០២៤ កន្លងទៅ នោះហើយ។ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីសួរនាំជនសង្ស័យខាងលើ បានសារភាពថា ខ្លួន និងបក្ខពួកសរុប ០៧នាក់ទៀត ពិតជាបានធ្វើសកម្មភាព វាយទៅលើអ្នកធ្វើដំណើរពិតប្រាកដមែន ចំណែកបក្សពួកផ្សេងទៀតបានរត់គេគេចខ្លួន ។
ប្រភពដដែលបន្តថា កម្លាំងសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន៖ ម៉ូតូជនសង្ស័យធ្វើសកម្មភាព ០១គ្រឿង រីឯបក្សពួកជនសង្ស័យ កំពុងស្រាវជ្រាវបន្ត។
ប្រភពដដែលបព្ជាក់ថា បច្ចុប្បន្នក្រុមជនសង្ស័យខាងលេីព្រមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកម្លាំងការិយាល័យជំនាញ ដេីម្បីបន្តនីតិវិធីហើយ។
មហាជនបានសម្ដែងនូវភាពសប្បាយរីករាយ និងថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំខេត្ត និង កម្លាំងជំនាញ ចំណុះ របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលខិតខំបំពេញកិច្ចការងារ ប្រើអស់កម្លាំងកាយចិត្ត មិនគិតយប់ថ្ងៃ ធ្វើយ៉ាងណា លុបបំបាត់ក្រុមក្មេងទំនើង ដែលធ្លាប់មាន និងបង្កការអុកឡុក នៅទូទាំងខេត្តទេសចរណ៍មួយនេះ។
មហាជនក៍សង្ឃឹមផងដែរថា នឹងមិនមានការដោះលែងនៅក្រៅប្រព័ន្ធតុលាការ ដែលអាចឱ្យក្រុមក្មេងទំនើងទាំងនោះ ត្រឡប់ទៅបង្កព្យុះភ្លៀងបន្តទៀត និងជាពិសេស នឹងមិនបំពានបញ្ជាដាច់ណាត់ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលឱ្យបំបាត់ឱ្យខានតែបាន នូវក្រុមក្មេងទំនើង នៅក្នុងក្របខណ្ឌទូទាំងប្រទេសនោះឡើយ៕KD