ខេត្តសៀមរាប៖ លោកស្រី ម៉ាត់ អាហ្សីម៉ាស់ អភិបាលរង ក្រុងសៀមរាប ទទួលបន្ទុកកិច្ចការអប់រំ អញ្ជើញជាអធិបតី ក្នុងការផ្សព្វផ្សាយស្តីពី «ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស» ដល់លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស ក្នុងសាលាអនុវិទ្យាល័យ សៀងណាំ សំបួរ ដែលរៀបចំដោយ អង្គការមូលនិធិ A២១ និងមានការចូលរួមពី តំណាងអង្គការកល្យានមិត្ត អង្គការសមាគមន៍បេះដួងក្សារញញឹម ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល លោក លោកស្រី ក្រុមការងារ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រុងសៀមរាប និងលោក វ៉ាត កុស នាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចំនួន ៦៩នាក់ នៅរសៀលថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២៤នេះ។ លោក វ៉ាត កុស នាយកសាលាអនុវិទ្យាល័យ សៀងណាំ សំបួរ ឡើងរាយការណ៍អំពីបំរែបំរួល និងកំណើនសិក្សានុសិស្សបោះបង់ការសិក្សា នៅថ្នាក់ទី៩ ក្នុងឆ្នាំសិក្សា ២០២៣-២០២៤ នេះ គួរឱ្យព្រួយបារម្ភ។
លោកនាយកសាលា បានធ្វើការស្នើសុំដល់អាណាព្យាបាល និង សិក្សានុសិស្ស គិតគូរឱ្យបានវែងឆ្ងាយ មុននឹងសម្រេចចិត្តបង់ការសិក្សា ព្រោះវាអាចធ្វើឱ្យបាត់បង់ឱកាសទទួលបានចំណេះដឹង រាំងស្ទះដល់ការរីកចម្រើនរបស់គ្រួសារ ជាពិសេសដល់ការអភិវឌ្ឍសង្គមជាតិទាំងមូល។
បន្ទាប៉ពីទទួលបានរបាយការណ៍របស់ លោកនាយកសាលា មតិណែនាំរបស់លោកនាយប៉ុស្តិ៍របាល វីដេអូអប់រំ និងមេរៀនពន្យល់ របស់ដំណាងអង្ការពាក់ព័ន្ធ រួចមក លោកស្រី ម៉ាត់ អាហ្សីម៉ាស់ អភិបាលរង ក្រុងសៀមរាប ទទួលបន្ទុកកិច្ចការអប់រំ បានថ្លែងថា លោកស្រីតាងនាម លោកអភិបាលក្រុងសៀមរាប និងតំណាងឱ្យអាជ្ញាធរក្រុងសៀមរាប មានសេចក្ដីសោមនស្សរីករាយជាពន់ពេក ដែលមានអង្គការជាដៃគូបានយកនូវ ខ្សែវីដេអូ និងចំណេះដឹង អំពី «ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស» ចែកជូនដល់ប្អូនៗ ក្មួយៗ សិស្សានុសិស្ស នៅពេលនេះ។
លោកស្រី ម៉ាត់ អាហ្សីម៉ាស់ បានបន្តថាបើទោះបីជា ប្អូនៗ ក្មួយៗ មានវ័យជាអនិតិជនក៍ដោយ ក៍គួរតែដឹងអំពីល្បិចកល របស់ជនទុច្ចរិតមួយចំនួន ដែលតែងតែរិះរកមធ្យោបាយក្នុងការបោកប្រាស់ តាមវិធីធានារកការងារជួនធ្វើ ការឆបោក និងកំហែងតាមប្រព័ន្ធបច្ចេកវិទ្យា បណ្ដាញសង្គមនានា និងរូបភាពផ្សេងៗ ដើម្បីចៀសផុតអំពីហិង្សា និងការជួញដូរទាំងនោះ។
លោកស្រី ម៉ាត់ អាហ្សីម៉ាស់ បានបញ្ជាក់ថា មានតែចំណេះដឹង និងជំនឿជាក់លើខ្លួនឯងតែប៉ុណ្ណោះ ដែលអាចឱ្យ ប្អូនៗ ក្មួយៗ ជៀសផុតពីអំពើរហិង្សា និងការជួញដូរទាំងនោះ ក៍ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងគ្រួសារ និង សង្គមជាតិយើង៕KD