Thursday, November 21, 2024

មន្ទីរព័ត៌មាន សហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំពិធីសំណេះសំណាល និងផ្សព្វផ្សាយធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដល់អ្នកសារព័ត៌មាន និងមន្ទីរ អង្គភាពជុំវិញខេត្ត

ខេត្តសៀមរាប៖ ដោយមានការគាំទ្រពីរដ្ឋបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ មន្ទីរព័ត័មានខេត្ត បានរៀបចំពិធីសំណេះសំណាល និងផ្សព្វផ្សាយធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដល់អ្នកសារព័ត៌មាន កងកម្លាំង និងមន្ទីរ អង្គភាពជុំវិញខេត្ត សរុប ១៤៨នាក់ (ស្រី ១៨នាក់) ក្រោមអធិបតីភាព ឯកឧត្តម ជា ច័ន្ទបរិបូរណ៌ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប។ ថ្លែងក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ លើកឡើងថា សម្រាប់ខេត្តសៀមរាបជាគោលដៅដំបូងគេបង្អស់ ដែលក្រសួងព័ត៌មាន បានរៀបចំធ្វើការផ្សព្វផ្សាយពី ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា បន្ទាប់ពីបានដាក់ឱ្យអនុវត្តន៍ជាផ្លូវការកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤។ ឯកឧត្តម បន្ថែមថា ក្នុងសម័យបដិវត្តឧស្សាហកម្ម៤.០ វិស័យព័ត៌មានកាន់តែមានភាពទំនើប ហើយប្រជាជនគ្រប់រូបសុទ្ធតែមានប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន។ ប៉ុន្តែសម្រាប់អ្នកសារព័ត៌មានអាជីព ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន គឺជាអាវក្រោះការពារខ្លួនយើងឲ្យមានសុវត្ថិភាព កិត្តិយស មានសេចក្តីថ្លៃថ្នូរ ។ ដូច្នេះការគោរពបាននូវក្រមវិជ្ជាជីវៈនេះ គឺជាការផ្តល់តម្លៃដល់អាជីពរបស់យើង។

ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បញ្ជាក់ថា វាជាគោលការណ៍មូលដ្ឋានគ្រឹះ នៃក្រមវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ដែលនឹងជួយឱ្យអ្នកសារព័ត៌មាន និងសាធារណជនទូទៅ យល់កាន់តែច្បាស់ ពីសិទ្ធក្នុងការផ្សព្វផ្សាយព័ត៌មាន និង ចៀសវាងការផ្សាយព័ត៌មានទាំងឡាយណាមិនច្បាស់លាស់ ដែលអាចបង្កឲ្យមានចលាចលសង្គម។

យោងតាមរបាយការណ៍របស់ លោក សេង ផល្លី ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប ស្តីទី បានឲ្យដឹងថា សម្រាប់ខេត្តសៀមរាប ២០២៤ គឺជាឆ្នាំដ៏មមាញឹកនៃការរៀបចំព្រឹត្តិការណ៍តូច ធំ ថ្នាក់ជាតិ និងអន្តរជាតិ ដែលនេះជាការគិតគូរយ៉ាងហ្មត់ចត់ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល រួមមាន “ឆ្នាំទស្សនាសៀមរាប” “ការផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន” ព្រមជាមួយការចូលរួមបង្កើតព្រឹត្តិការណ៍លំដាប់ជាតិ អន្តរជាតិ ជាច្រើនទៀត ដើម្បីបង្កើនចលនាទេសចរណ៍ ដែលជាចរន្តសេដ្ឋកិច្ចអាទិភាពរបស់ខេត្ត។ ទន្ទឹមនោះ ក្រសួងព័ត៌មាន ក៏ដូចជារដ្ឋបាលខេត្ត បានខិតខំយ៉ាងសស្រាក់ស្រាំ ក្នុងការផ្សព្វផ្សាយពីការអភិវឌ្ឍ និងផលិតផលទេសចរណ៍ក្នុងខេត្ត តាមគ្រប់រូបភាព លើសពីនោះ អាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏បានជំរុញដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសអ្នកសារព័ត៌មាន សូមចូលរួមផ្សព្វផ្សាយដំណឹងល្អៗក្នុងខេត្តទាំងអស់នោះ ដើម្បីជាការទាក់ទាញទៅដល់ភ្ញៀវជាតិ និងអន្តរជាតិ។ បន្ថែមលើនេះ មន្ទីរព័ត៌មានរាជធានីខេត្តនិយាយជារួម និងនិយាយដោយឡែកមន្ទីរព័ត៌មានខេត្តសៀមរាប បានទទួលនូវការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលក្រៅពីភារកិច្ចប្រមូល និងចែកចាយព័ត៌មាន មន្ទីរព័ត៌មាន ក៏ជាសេនាធិការចម្បងរបស់រដ្ឋបាលខេត្ត ក្នុងការអនុវត្តកិច្ចការសាធារណមតិ និងបុរេសកម្ម ក្នុងភូមិសាស្ត្ររបស់ខ្លួន។

ថ្លៃងបិទពិធីសំណេះសំណាលនេះ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត បញ្ជាក់ថា ពិធីនេះ ជាស្ពានចម្លងសម្រាប់ជំនួបរវាងអាជ្ញាធរ ជាមួយអ្នកសារព័ត៌មានក្នុងខេត្ត ដើម្បីជំរុញឲ្យមានកិច្ចសហការល្អរវាងគ្នា ក៏ដូចជាធ្វើការបញ្ជ្រាបបន្ថែមពីសេរីភាពសារព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មាន ដែលត្រឹមត្រូវ ព្រមទាំងមានប្រភពច្បាស់លាស់។ លោក ក៏បានថ្លែងកោតសរសើចំពោះ មន្ទីរព័ត៌មានខេត្ត ក៏ដូចជាអ្នកសារព័ត៌មានក្នុងខេត្តសៀមរាប ដែលកន្លងមកតែងបានធ្វើការផ្សព្វផ្សាយនូវព័ត៌មានវិជ្ជមាននានា ដើម្បីលើកម្ពស់វិស័យទេសចរណ៍ ក៏ដូចជាជាសេដ្ឋកិច្ចក្នុងខេត្តទាំងមូល៕KD

អត្ថបទ និងរូបភាព៖ ជា ស្រស់

ព័ត៌មានពេញនិយម